29 December, 2015

អនុវត្ត​ទម្លាប់​​ទាំង ៩ នេះ​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ឲ្យ​កាន់តែ​ជោគជ័យ​ក្នុង​ឆ្នាំ ថ្មី​នេះ





ក្នុង​​ឆ្នាំ ២០១៥ នេះ​តើ​ទម្លាប់​របស់​​លោក​អ្នក​ខុស​ពី​ឆ្នាំ ២០១៤ ដូចម្តេច​ខ្លះ? តើ​លោក​អ្នក​មាន​គម្រោង​ការងារ​ច្បាស់លាស់​ប្រចាំ​ថ្ងៃ​ហើយ​ឬ​នៅ? បើ​​មិត្ត​អ្នក​អាន​យល់ថា ទម្លាប់​របស់​លោក​អ្នក​នៅមាន​​ភាព​ខ្វះចន្លោះ ឬ នៅ​មាន​ស្ពឹក​ស្រពន់​នោះ គួរតែ​សាកល្បង​អនុវត្ត​ទម្លាប់​ចំនួន ៩​ នេះ​ ដើម្បី​ឲ្យ​ឆ្នាំ ២០១៥ នេះ​​ជោគជ័យ​​ជាង​ឆ្នាំ​ចាស់។ ​​​

១) ក្រោក​ពី​ព្រឹកព្រលឹម នៅ​ពេល​ដែល​អ្នក​ក្រោក​ពី​ដំណេក​មុន​អ្នកដទៃ​ទៀត នោះ​មានន័យ​ថា អ្នក​អាច​​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​មួយ​ចំនួន​បាន​ទាំង​ព្រឹកព្រលឹម។ សម្រាប់​អ្នក​ធ្វើ​ការ​​វិញ នេះ​​នឹង​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​ទាន់​ម៉ោង ឬ មុន​ម៉ោង​ទៀត​ផង និង អាច​យក​ពេលវេលា​ទាំង​នោះ​ឆែក​មើល​សារ ពិនិត្យ​គម្រោង​ឯកសារ និង កិច្ចការ​ជា​ច្រើន​ទៀត​។ ម្យ៉ាង​វិញ​ទៀត ទម្លាប់​នេះ គឺ​បាន​បង្ហាញ​ពី​ការ​ឲ្យ​តម្លៃ​ពេលវេលា​មួយ​របស់​អ្នក ដូច​មហាសេដ្ឋី​ជា​ច្រើន​​ដែរ។  

២) អាន​ឲ្យ​បាន​ច្រើន​ ជា​រៀងរាល់​ថ្ងៃ អ្នក​ត្រូវ​លៃលក​ពេលវេលា​ដ៏​សមគួរ​មួយ​ក្នុង​ការ​អាន​សៀវភៅ​ ទោះបី​ជា​អ្នក​រវល់​យ៉ាងណា​ក៏ដោយ ព្រោះ​​ចំណេះដឹង​របស់​អ្នក​មិនមែន​ស្ថិត​នៅ​តែ​មួយ​កន្លែង​នោះ​ទេ។ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​អាន​សៀវភៅ​មួយ​ក្បាល​ឲ្យ​ចប់​ក្នុង​រយៈ​ពេល​១ ​ម៉ោង ឬ មួយ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​​បើ​រវល់​ខ្លាំង​ណាស់ គួរ​ចំណាយ​ពេល​អាន​ពី ៣០ ទៅ ៤០ នាទី​ដែរ។ អាន​ព័ត៌មាន ទស្សនាវដ្ដី ស្រាវជ្រាវ​ឯកសារ​ទាំង​នេះ​សុទ្ធតែ​រួម​ចំណែក​ផ្តល់​​ចំណេះដឹង​ដល់​អ្នក​បាន។

 ៣) ហាត់ប្រាណ​​ អ្នក​ត្រូវ​តែ​ទទួល​ស្គាល់​ថា ការ​ហាត់ប្រាណ​គឺ​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​រឹងមាំ​បាន​ល្អ។ តើ​ហាត់ប្រាណ​ប៉ុន្មាន​នាទី​ទើប​ល្អ​ចំពោះ​សុខភាព? តាម​ពិត​ទៅ​បើ​អ្នក​ហាត់ប្រាណ​តិច​ពេក​ក៏​មិន​ល្អ ច្រើន​ពេក​ក៏​មិន​ល្អ តែ​បើ​មួយ​ថ្ងៃ​ហាត់ប្រាណ​បាន​៣០ នាទី​វា​ជា​រឿង​មួយ​ល្អ​ប្រសើរ​ផង​ដែរ។ 

៤) ដាក់​គម្រោង​មុន​ពេល​អនុវត្ត​ការងារ ការ​មាន​គម្រោង​ការងារ​ច្បាស់លាស់ គឺ​ជា​គុណ​សម្បត្តិ​ដ៏​ពិសេស​មួយ​ធ្វើ​ឲ្យ​ការងារ​​របស់​អ្នក​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​​ថាមពល និង សក្ដានុពល​បំផុត ព្រោះ​នេះ​វា​បញ្ជាក់​ថា អ្នក​បាន​រៀបចំ​ពេលវេលា​ដ៏​ត្រឹមត្រូវ​សម្រាប់​ការងារ​របស់​អ្នក​​​ដោយ​មិន​ខ្ជះខ្ជាយ​ទៀត​ផង។ តើ​គួរតែ​រៀបចំ​គម្រោង​​នៅ​ពេល​ណា? មុន​ពេល​​ចូល​គេង ឬ រៀបចំ​គម្រោង​១​ថ្ងៃ​មុន​ពេល​អនុវត្ត​ការងារ​របស់​អ្នក គឺ​ជា​​ដំណោះស្រាយ​​ដ៏​ល្អ​នៅ​ទី​នេះ។ ​​ 

៥) ធ្វើ​ការងារ​សំខាន់​តាម​អាទិភាព ការងារ​មួយ​ចំនួន​​អាច​សំខាន់​ក្នុង​ពេល​តំណាល​គ្នា​នេះ ដែល​នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​​សម្រេចចិត្ត​ថា ​តើ​​ត្រូវ​ធ្វើ​មួយ​ណា​ ទុក​មួយ​ណា? ឥឡូវ​នេះ​អ្នក​អាច​សាក​គិត​បន្តិច ទោះបី​ជា​ការងារ​ទាំង​នោះ​សំខាន់​ប៉ុណ្ណា​ក៏ដោយ លទ្ធផល​មិន​ដូច​គ្នា​​នោះ​ទេ។ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​ការងារ​ដែល​សំខាន់​មុន និង​ទទួល​បាន​ផ្លែផ្កា​ច្រើន​មក​​ធ្វើ​មុន បន្ទាប់​មក​ចាំ​យក​ការងារ​ថ្មី​ធ្វើ​បន្ត​ទៀត​តាម​លំដាប់លំដោយ​​របស់​វា​។ 

៦) ​ធ្វើ​ការងារ​ថ្មីៗ​​ឲ្យ​បាន​ខ្ពស់​ជាង​មុន ទម្លាប់​ការងារ​ពី​មុន​មក អាច​គ្រប់គ្រាន់​ហើយ​សម្រាប់​អ្នក តែ​សូម​ចាំ​ថា ការ​ធ្វើ​ការងារ​ថ្មីៗ​លំបាកៗ កាន់តែ​ច្រើន​លើស​ទម្លាប់​ចាស់​ ​គឺ​ជា​​សកម្មភាព​ដ៏​ប្រសើរ​មួយ​​ទៀត​ធ្វើ​ឲ្យ​​អ្នក​កាន់តែ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ខ្លាំង​ជាង​មុន។ បង្កើន​ពេលវេលា​បន្ថែម​លើស ៣០​ នាទី រៀន​ដោះស្រាយ​បញ្ហា​លំបាក​ជា​មួយ​នឹង​ការ​លើកទឹកចិត្ត និង ការ​ព្យាយាម នឹង​អាច​ផ្តល់​ជា​ពន្លឺ​​​​​បង្កើន​សមត្ថភាព​ការងារ​របស់​អ្នក​បាន។ 

៧) ​​ពង្រីក​ចំណេះដឹង​បន្ថែម​ ការ​ធ្វើ​ឲ្យ​អាជីព​ការងារ​របស់​អ្នក​ដើរ​ទៅ​មុខ គឺ​ជា​រឿង​សំខាន់​ណាស់​ដើម្បី​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​មាន​​ជំនាញ​ច្បាស់លាស់​ និង មាន​សមត្ថភាព​ពេញលេញ។ ប្រការ​នេះ​អ្នក​មិន​ត្រូវ​​នៅ​មួយ​កន្លែង​នោះ​ឡើយ ម្ល៉េះ​ហើយ​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល ឬ ​វគ្គ​ខ្លីៗ បង្កើត​ទម្លាប់​ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ការ​ពង្រីក​បណ្ដាញ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ថ្មីៗ ទាំង​នេះ​សុទ្ធតែ​អាច​ផ្តល់​ចំណេះដឹង និង បទពិសោធន៍​ល្អៗ​ដល់​អ្នក​ដែរ។ 

 ៨) ព្យាយាម​ឲ្យ​បាន​ច្រើន​ជាង​មុន វា​ជា​រឿង​ល្អ​ដែល​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​ព្យាយាម​​ខ្ពស់​មិន​ថា ចំពោះ​ការងារ ឬ ការ​សិក្សា​នោះ​ទេ។ យ៉ាងណាមិញ ការ​ព្យាយាម​របស់​អ្នក​​គួរតែ​​ធ្វើ​ឲ្យ​មាន​ដល់​កម្រិត​កំពូល​មួយ​​ឲ្យ​ខ្ពស់​បំផុត ទាល់តែ​អ្នក​ជឿជាក់​ថា ​អ្នក​ពិត​ជា​បាន​ព្យាយាម​អស់​លទ្ធភាព​ពិត​មែន។ ភាព​ព្យាយាម​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ អម​​ទៅ​នឹង​សកម្មភាព​របស់​អ្នក​ប្រចាំ​ថ្ងៃ ត្បិតអី​វា​ជា​ឱសថ​កម្លាំងចិត្ត​​ដ៏​ស័ក្តិសិទ្ធិ​អាច​ទម្លុះទម្លាយ​ភាព​ទាល់ច្រក និង ការ​បរាជ័យ​បាន។ 

៩) ចែក​រំលែក​​ឲ្យ​បាន​ច្រើន​ជា​មួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ការ​ចែករំលែក​ គួរតែ​ធ្វើ​ឲ្យ​បាន​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ជំនាញ​ចំណេះដឹង​ច្រើន ព្រោះ​ថា មាន​មនុស្ស​ច្រើនណាស់​កំពុង​រង់ចាំ​​ជំនួយ​ពី​អ្នក។ ការ​ចែក​រំលែក​នេះ​មិន​ចាំបាច់​​ទាល់តែ​មាន​លុយ​នោះ​ទេ ពោល​គឺ​ចំណេះដឹង ដំបូន្មាន រួម​ទាំង​ទង្វើ​ល្អៗ​របស់​អ្នក​ផ្សេងៗ​ទៀត​ក្នុង​ការងារ​​​សង្គម គឺ​សុទ្ធតែ​មាន​​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន។ នេះ​ជា​អ្វី​ដែល​អ្នក​គួរ​បន្សល់​ទុក​​​ដល់​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​​ដោយ​ក្តី​ស្រលាញ់ ហើយ​វា​ជា​អ្វី​ដែល​​អាច​ជួយ​​ឲ្យ​បណ្ដាញ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​​ទូលំទូលាយ​ឡើងៗ៕ ប្រភពពី​ thebnews

0 comments:

Related Posts Plugin for WordPress, Blogger...