Pages - Menu
▼
29 December, 2015
អនុវត្តទម្លាប់ទាំង ៩ នេះជារៀងរាល់ថ្ងៃ ដើម្បីឲ្យកាន់តែជោគជ័យក្នុងឆ្នាំ ថ្មីនេះ
ក្នុងឆ្នាំ ២០១៥ នេះតើទម្លាប់របស់លោកអ្នកខុសពីឆ្នាំ ២០១៤ ដូចម្តេចខ្លះ? តើលោកអ្នកមានគម្រោងការងារច្បាស់លាស់ប្រចាំថ្ងៃហើយឬនៅ? បើមិត្តអ្នកអានយល់ថា ទម្លាប់របស់លោកអ្នកនៅមានភាពខ្វះចន្លោះ ឬ នៅមានស្ពឹកស្រពន់នោះ គួរតែសាកល្បងអនុវត្តទម្លាប់ចំនួន ៩ នេះ ដើម្បីឲ្យឆ្នាំ ២០១៥ នេះជោគជ័យជាងឆ្នាំចាស់។
១) ក្រោកពីព្រឹកព្រលឹម នៅពេលដែលអ្នកក្រោកពីដំណេកមុនអ្នកដទៃទៀត នោះមានន័យថា អ្នកអាចមានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការមួយចំនួនបានទាំងព្រឹកព្រលឹម។ សម្រាប់អ្នកធ្វើការវិញ នេះនឹងជួយឲ្យអ្នកធ្វើការទាន់ម៉ោង ឬ មុនម៉ោងទៀតផង និង អាចយកពេលវេលាទាំងនោះឆែកមើលសារ ពិនិត្យគម្រោងឯកសារ និង កិច្ចការជាច្រើនទៀត។ ម្យ៉ាងវិញទៀត ទម្លាប់នេះ គឺបានបង្ហាញពីការឲ្យតម្លៃពេលវេលាមួយរបស់អ្នក ដូចមហាសេដ្ឋីជាច្រើនដែរ។
២) អានឲ្យបានច្រើន ជារៀងរាល់ថ្ងៃ អ្នកត្រូវលៃលកពេលវេលាដ៏សមគួរមួយក្នុងការអានសៀវភៅ ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ ព្រោះចំណេះដឹងរបស់អ្នកមិនមែនស្ថិតនៅតែមួយកន្លែងនោះទេ។ នេះមិនមែនមានន័យថា អ្នកត្រូវអានសៀវភៅមួយក្បាលឲ្យចប់ក្នុងរយៈពេល១ ម៉ោង ឬ មួយថ្ងៃនោះទេ ប៉ុន្តែបើរវល់ខ្លាំងណាស់ គួរចំណាយពេលអានពី ៣០ ទៅ ៤០ នាទីដែរ។ អានព័ត៌មាន ទស្សនាវដ្ដី ស្រាវជ្រាវឯកសារទាំងនេះសុទ្ធតែរួមចំណែកផ្តល់ចំណេះដឹងដល់អ្នកបាន។
៣) ហាត់ប្រាណ អ្នកត្រូវតែទទួលស្គាល់ថា ការហាត់ប្រាណគឺជាទម្លាប់ដ៏ល្អមួយធ្វើឲ្យសុខភាពរបស់អ្នករឹងមាំបានល្អ។ តើហាត់ប្រាណប៉ុន្មាននាទីទើបល្អចំពោះសុខភាព? តាមពិតទៅបើអ្នកហាត់ប្រាណតិចពេកក៏មិនល្អ ច្រើនពេកក៏មិនល្អ តែបើមួយថ្ងៃហាត់ប្រាណបាន៣០ នាទីវាជារឿងមួយល្អប្រសើរផងដែរ។
៤) ដាក់គម្រោងមុនពេលអនុវត្តការងារ ការមានគម្រោងការងារច្បាស់លាស់ គឺជាគុណសម្បត្តិដ៏ពិសេសមួយធ្វើឲ្យការងាររបស់អ្នកត្រូវបានអនុវត្តប្រកបដោយថាមពល និង សក្ដានុពលបំផុត ព្រោះនេះវាបញ្ជាក់ថា អ្នកបានរៀបចំពេលវេលាដ៏ត្រឹមត្រូវសម្រាប់ការងាររបស់អ្នកដោយមិនខ្ជះខ្ជាយទៀតផង។ តើគួរតែរៀបចំគម្រោងនៅពេលណា? មុនពេលចូលគេង ឬ រៀបចំគម្រោង១ថ្ងៃមុនពេលអនុវត្តការងាររបស់អ្នក គឺជាដំណោះស្រាយដ៏ល្អនៅទីនេះ។
៥) ធ្វើការងារសំខាន់តាមអាទិភាព ការងារមួយចំនួនអាចសំខាន់ក្នុងពេលតំណាលគ្នានេះ ដែលនេះប្រហែលជាធ្វើឲ្យអ្នកពិបាកសម្រេចចិត្តថា តើត្រូវធ្វើមួយណា ទុកមួយណា? ឥឡូវនេះអ្នកអាចសាកគិតបន្តិច ទោះបីជាការងារទាំងនោះសំខាន់ប៉ុណ្ណាក៏ដោយ លទ្ធផលមិនដូចគ្នានោះទេ។ ដូច្នេះអ្នកគួរតែជ្រើសរើសការងារដែលសំខាន់មុន និងទទួលបានផ្លែផ្កាច្រើនមកធ្វើមុន បន្ទាប់មកចាំយកការងារថ្មីធ្វើបន្តទៀតតាមលំដាប់លំដោយរបស់វា។
៦) ធ្វើការងារថ្មីៗឲ្យបានខ្ពស់ជាងមុន ទម្លាប់ការងារពីមុនមក អាចគ្រប់គ្រាន់ហើយសម្រាប់អ្នក តែសូមចាំថា ការធ្វើការងារថ្មីៗលំបាកៗ កាន់តែច្រើនលើសទម្លាប់ចាស់ គឺជាសកម្មភាពដ៏ប្រសើរមួយទៀតធ្វើឲ្យអ្នកកាន់តែអភិវឌ្ឍសមត្ថភាពរបស់ខ្លួនខ្លាំងជាងមុន។ បង្កើនពេលវេលាបន្ថែមលើស ៣០ នាទី រៀនដោះស្រាយបញ្ហាលំបាកជាមួយនឹងការលើកទឹកចិត្ត និង ការព្យាយាម នឹងអាចផ្តល់ជាពន្លឺបង្កើនសមត្ថភាពការងាររបស់អ្នកបាន។
៧) ពង្រីកចំណេះដឹងបន្ថែម ការធ្វើឲ្យអាជីពការងាររបស់អ្នកដើរទៅមុខ គឺជារឿងសំខាន់ណាស់ដើម្បីឲ្យអ្នកក្លាយទៅជាបុគ្គលមួយមានជំនាញច្បាស់លាស់ និង មានសមត្ថភាពពេញលេញ។ ប្រការនេះអ្នកមិនត្រូវនៅមួយកន្លែងនោះឡើយ ម្ល៉េះហើយការចូលរួមវគ្គបណ្តុះបណ្តាល ឬ វគ្គខ្លីៗ បង្កើតទម្លាប់ស្រាវជ្រាវឲ្យបានច្រើន ការពង្រីកបណ្ដាញទំនាក់ទំនងជាមួយមនុស្សថ្មីៗ ទាំងនេះសុទ្ធតែអាចផ្តល់ចំណេះដឹង និង បទពិសោធន៍ល្អៗដល់អ្នកដែរ។
៨) ព្យាយាមឲ្យបានច្រើនជាងមុន វាជារឿងល្អដែលអ្នកជាមនុស្សម្នាក់ដែលមានការព្យាយាមខ្ពស់មិនថា ចំពោះការងារ ឬ ការសិក្សានោះទេ។ យ៉ាងណាមិញ ការព្យាយាមរបស់អ្នកគួរតែធ្វើឲ្យមានដល់កម្រិតកំពូលមួយឲ្យខ្ពស់បំផុត ទាល់តែអ្នកជឿជាក់ថា អ្នកពិតជាបានព្យាយាមអស់លទ្ធភាពពិតមែន។ ភាពព្យាយាមនេះដើរតួនាទីយ៉ាងសំខាន់ អមទៅនឹងសកម្មភាពរបស់អ្នកប្រចាំថ្ងៃ ត្បិតអីវាជាឱសថកម្លាំងចិត្តដ៏ស័ក្តិសិទ្ធិអាចទម្លុះទម្លាយភាពទាល់ច្រក និង ការបរាជ័យបាន។
៩) ចែករំលែកឲ្យបានច្រើនជាមួយមនុស្សនៅជុំវិញខ្លួន ការចែករំលែក គួរតែធ្វើឲ្យបាននៅពេលដែលអ្នកក្លាយជាមនុស្សមានជំនាញចំណេះដឹងច្រើន ព្រោះថា មានមនុស្សច្រើនណាស់កំពុងរង់ចាំជំនួយពីអ្នក។ ការចែករំលែកនេះមិនចាំបាច់ទាល់តែមានលុយនោះទេ ពោលគឺចំណេះដឹង ដំបូន្មាន រួមទាំងទង្វើល្អៗរបស់អ្នកផ្សេងៗទៀតក្នុងការងារសង្គម គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន។ នេះជាអ្វីដែលអ្នកគួរបន្សល់ទុកដល់មនុស្សនៅជុំវិញខ្លួនដោយក្តីស្រលាញ់ ហើយវាជាអ្វីដែលអាចជួយឲ្យបណ្ដាញទំនាក់ទំនងរបស់អ្នកកាន់តែទូលំទូលាយឡើងៗ៕ ប្រភពពី thebnews
No comments:
Post a Comment